Thứ Ba, ngày 26 tháng 7 năm 2011










មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ: ព្រះពុទ្ធសាសនា និង​យុត្តិធម៌​ (​BUDDHISM AND JUSTICE) ៙ យុត្តិធម៌​ជា​ពាក្យ​ស័ក្តសិ​ទ្ធ ព្រោះ​អាច​អោយ​គេ​ឈ្នះ ចាញ់ រស់ ឬ ស្លាប់ បាន







Monday, November 16, 2009




ព្រះពុទ្ធសាសនា និង​យុត្តិធម៌​ (​BUDDHISM AND JUSTICE) ៙ យុត្តិធម៌​ជា​ពាក្យ​ស័ក្តសិ​ទ្ធ ព្រោះ​អាច​អោយ​គេ​ឈ្នះ ចាញ់ រស់ ឬ ស្លាប់ បាន


យើង​គប្បី​ចាប់ផ្តើម​ដោយ​ការសិក្សា​ពាក្យ​ថា រាជា ( King ) ។ បើ​តាម​សៀវភៅ​ឈ្មោះ​ព្រះបាទ​ធម្មិក​បាន​អះអាង ថា​ពាក្យ ថា រាជា នេះ ជា​សម្រែក​របស់​មហាជន​ស្រែក​សំដែង​នូវ​ក្តីរីករាយ អំណរ​សាទរ ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​បាន​បំពេញ ការងារ​ជា​ប្រយោជន៍ ឬ​ការពារ​ពួកគេ​រហូត​ដល់​ពួកគេ​ពេញចិត្ត​ពេញ​ប្រមាត់ មិន​អាច​ទប់​ចិត្តបាន ហើយ​បញ្ចេញ​សំលេង​ថា “ រាជា ! រាជា ! ” ដែល​មានន័យថា “ ពេញចិត្ត​ហើយ ! ពេញចិត្ត​ហើយ​! ” ឬ ថា “ ពេញចិត្ត​ណាស់ ! ពេញចិត្ត​ណាស់ ! ” ។​
​​​ដោយ​ឃើញ​ថា បុគ្គល​នោះ​មាន​សមត្ថភាព និង​គុណធម៌​លើស​គេ​ទាំងពួង ធ្វើអោយ​ពួកគេ​ពេញចិត្ត ទុកចិត្ត ស្រលាញ់​ចូលចិត្ត​ប្រគល់​នូវ​នាទី​អោយ​បុគ្គល​នោះ​ជា​អ្នកមើលការខុសត្រូវ​ពួកគេ​ជា​អ្នកសម្រេច​លើ​ជោគវាសនា​របស់​ពួកគេ នាំ​ពួកគេ​ទៅណា ពួកគេ​នឹង​ទៅតាម ពេល​មាន​វិវាទ​កើតឡើង​ម្តងៗ ជា​អ្នកសម្រេច​ថា ពួកគេ​មួយ​ណា​ជា​អ្នក​ខុស និង​ជា​អ្នក​ត្រូវ និង​សម្រេចចិត្តថា បុគ្គល​ណា​គួរ​ដល់​នូវ​ការលើក​តំកើង​បុគ្គល​ណា​គួរ​ដល់​នូវ​ការ​ផ្ចាញ់ផ្ចាល ។ បុគ្គល​នោះ ត្រូវបាន​គេ​ហៅថា “ រាជា ” ដែល​មានន័យថា បុគ្គល​ជា​ទី​ពេញចិត្ត ជាទី​ទុកចិត្ត ។ ប្រការ​នេះ​ក៏​មានចែង​នៅក្នុង​សៀវភៅ​កប្បក​ដ្ឋា​ដែល​និយាយ ពី​ការវិវត្តន៍​ដំបូងៗ​របស់​មនុស្ស និង​ពី​ភាព​លោក​ផងដែរ ។

​រាប់ពាន់​ឆ្នាំ​ក្រោយមក បុគ្គល​ជា រាជា នោះ មិនសូវ​បំពេញការងារ​អោយ​ជាទី​ពេញចិត្ត​របស់​ពួកគេ ដូចជា លំអៀង , ឃោ​ឃៅព្រៃ​ផ្សៃ និង​ភាព​ល្មោភ​ជាដើម ។ ចាប់ពីពេលនោះ​មក តំណែង​ជា​រាជា ជា​តំណែង​ដែល​ភាគច្រើន បាន​មក​ដោយ ការដណ្តើម​គ្នា ។ បុគ្គល​ខ្លះ​មាន​សមត្ថភាព​ដណ្តើមយក​តំណែង​នេះ​ហើយ​ក៏​ធ្វើអោយ​មនុស្ស​ស្រលាញ់​ចូលចិត្ត​បាន​ច្រើន ចំណែក អ្នកខ្លះ​មិន​មាន​គុណធម៌ មិន​មាន​យុត្តិធម៌ ក៏​ប្រើ​សិទ្ធិ​ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា រាជា នោះ ដើម្បី​ប្រព្រឹត្ត​ធ្វើ​អំពើ​សាហាវ ព្រៃផ្សៃ ជិះជាន់ កាប់សំលាប់ រឹបអូស​យក​របស់​ណា​ដែល​ខ្លួន​ចង់​បាន​តាម​ទំនើងចិត្ត ហើយ​ចង់​សម្រេច ដាក់ទោស​ទណ្ឌកម្ម​បុគ្គ​ល​ណា អោយ​បុគ្គល​ណា​ស្លាប់ ឬ​រស់​តាមតែ​អណ្តាត​របស់ខ្លួន ដោយ​ពុំ​គិត​ពី​គុណធម៌ ឬ យុត្តិធម៌​ជា​ដើម ។ ពាក្យ​ថា រាជា ក៏​ក្លាយទៅជា​ពាក្យ​គេ​សំគាល់​លើ​បុគ្គល​ដែល​មាន​សិទ្ធិ​អំណាច​ជាង​គេ​ជាង​ឯង គឺ​ស្តេច ប៉ុន្តែ​គេ​មិនសូវ​បាន​គិត​ដល់​អត្ថន័យ នៃ​ពាក្យ​នេះឡើយ ។​

​នៅក្នុង​មហា​បទុម​ជាត៌​ក ព្រះពុទ្ធ​បាន​សំដែង​អំពី​គោល​ធម៌​សម្រាប់​បុគ្គល​ជា​ស្តេច​ប្រតិបត្តិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ទសពិធ​រាជធម៌ គឺ ធម៌ ឬ​គោលការណ៍ ១០ យ៉ាង​សម្រាប់​ស្តេច ឬ​បុគ្គល​ដែល​ជា​អ្នកដឹកនាំ ( 10 Principle Rules for Kings or Leaders, យើង​នឹង​ធ្វើ​ការសិក្សា​បកស្រាយ​នៅ​គ្រា​ក្រោយៗ​ទៀត ) ។​

​បច្ចុប្បន្ននេះ រាជា ឬ ស្តេច បាន​សាបរលាប​អស់​ពី​ប្រទេស​មួយចំនួន បើ​ទោះជា​នៅ​ក៏ រាជា នោះ មិនសូវ​មាន​កាតព្វកិច្ច ច្រើន​ដូច​ពី​អតីតកាល​ដែរ ។ ជា​តួយ៉ាង​នៅ​ប្រទេស​កម្ពុជា ព្រះរាជា ទ្រង់​គង់​ជា​ម្លប់ តំណាង​ឯករាជ​ជាតិ អធិបតេយ្យភាព និង ឯកភាព​ជាតិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ។ សិទ្ធិអំណាច និង​កាតព្វកិច្ច​ភាគច្រើន​របស់​ព្រះរាជា ពី​អតីតកាល បាន​ត្រូវ គេ​ប្រគល់​ទៅអោយ​បុគ្គល​ម្នាក់​ផ្សេងទៀត​ដែល​នៅ​ប្រទេស​ខ្លះ​គេ​ហៅថា នាយករដ្ឋមន្ត្រី ( Prime Minister) , ប្រធានាធិបតី (President) , អធិការបតី ( Chancellor) ឬ​អគ្គលេខាធិការ ( General Secretary) ជាដើម ដែល​ជា​សរុប​ទៅ​បុគ្គល​ទាំង នោះ​គេ​ហៅថា អ្នកដឹកនាំ ( leader ) ។​

​ដោយ​មិន​ចង់​ដើរ​ជាន់​ដាន​ចាស់ ទើប​កាតព្វកិច្ច​មួយ​ចំនួន ជា​តួយ៉ាង​សិទ្ធ , អំណាច និង​កាតព្វកិច្ច​នៃ​ការសម្រេច​ថា​អ្នកណា​ខុស អ្នក​ណា​ត្រូវ និង​កំណត់​ថា អ្នកណា​មានទោស ឬ​មិន​មាន​ទោស ពោល​គឺ​ការ​វែកញែក​រក​យុត្តិធម៌ ( Rights to provide justice ) នោះ​ត្រូវបាន​ដក​ហូត​ចេញពី នាយករដ្ឋមន្ត្រី , ប្រធានាធិបតី , អធិការបតី ឬ​អគ្គលេខាធិការ​ជា​ដើម​នោះ​ទៀត ហើយ​ប្រគល់​ទៅអោយ​បុគ្គល​ម្នាក់​ទៀត​ដែល​គេ​ហៅថា ចៅក្រម ឬ តុលាការ ( Judge ) ដែល​មានន័យថា ជា​អ្នកអារកាត់​ដោយ មាន​ការថ្លឹងថ្លែង​អោយ​ស្មើភាព ឬ​យុត្តិធម៌​ដោយ​យក​ច្បាប់​ជា​កត្តា​វាស់វែង ( Balanced Judge) ។​

​ទោះជា​សម័យ​បច្ចុប្បន្ន បុគ្គល​ជា​ចៅក្រម ឬ តុលាការ​នោះ​មាន​លក្ខន្តិកៈ​ការងារ​តឹងរឹង​យ៉ាងណាក្តី ក៏​ជារឿយៗ​គេ​ឮ​ការ ឧទ្ទាន​ឡើង​ថា “ អយុត្តិធម៌​ណាស់ ! តុលាការ​លំអៀង​....! ”

​នៅក្នុង​គម្ពីរ​សុត្តន្តបិដក ទីឃ​និកាយ បាដិ​កវគ្គ មាន​កត់ត្រា​អំពី​គោល​ធម៌​សម្រាប់​បុគ្គល​ដែល​មាន​នាទី​ជា​អ្នក​សម្រេចសេចក្តី ឬ វិនិច្ឆ័​យក្តី ជៀសវាង​អោយ​ខាងតែបាន ។ ដូច្នេះ​ពេល​នេះ​បញ្ហា​នៅត្រង់ថា តើ​គេ​ព្រម​អនុវត្ត​ដែរ​ឬ​អត់ ។ ព្រះពុទ្ធ​មិនមែន ជា​អ្នក​អង្កេត​ការណ៍​នៅក្នុង​តុលាការ​ទេ បុ​ន្តែ​ព្រះអង្គ​ទ្រង់​បាន​ជ្រាប​បញ្ហា​នេះ​យ៉ាង​ច្បាស់ ហើយ​បាន​រកឃើញ​ដំណោះស្រាយ​ពី ឫស គល់ នៃ​បញ្ហា ( Resolutions from the matter' roots ) នេះ​ទៀត​ផង​។ ព្រះពុទ្ធ​បាន​ហៅ​បញ្ហា​នេះ​ថា អគតិ ពោល​គឺ​ការ​លំអៀង ( Partiality) ហើយ​វា​មាន​ឫសគល់ ឬ​ប្រភព ៤ យ៉ាង​គឺ​:

១- លំអៀង ឬ​អគតិ​ព្រោះ​ស្រលាញ់ ( ឆន្ទាគតិ​= Prejudice of love or desire: partiality): បុគ្គល​ជា​សាច់ញាតិ ជា​គ្រួសារ ជា​ជន​ជាទី​ស្រលាញ់​របស់​ខ្លួន ជា​បក្ខពួក​របស់​ខ្លួន ឬ​ត្រូវគេ​សូកប៉ាន់​ដោយ​ការផ្តល់​អោយ​នូវ​ប្រយោជន៍​អ្វីមួយ​ជាដើម នៅពេល​ដែល​បុគ្គល​ទាំងនោះ​ប្រព្រឹត្ត​ខុស ពេល​ត្រូវ​គេ​ប្តឹង ក៏​តាំង​មើលរំលង​ទោសានុទោស​នោះៗ ហើយ​រំលប់ រំលាយ រំសាយ​កំហុស​ទាំងនោះ រួចហើយ​ក៏​សម្រេច​អោយ​បុគ្គល​ទាំងនោះ​រួច​ខ្លួន ។ មួយ​វិញ​សោត បុគ្គល​ទាំងនោះ​ប្រព្រឹត្ត​ខុស​មាន​ទំហំធំធេង ដូចជា​វាយដំ ធ្វើបាប​អ្នកទន់ខ្សោយ រឹបអូស​ទ្រព្យសម្បត្តិ​គេ បំពារបំពាន​លើ​អ្នកដទៃ ចាប់រំលោភ ឬ​កាប់​សំលាប់​គេ​ជា​ដើម នៅពេល​មាន​ភស្តុតាង និង​សាក្សី​ជាក់ស្តែង​ពេក ក៏​បែរជា​អោយ​ត្រឹមតែ​សារភាព​កំហុស សុំ​ទោស​ជា​ដើម​ក៏​ចប់​ទៅ ។ តើ​ភាគី​ជនរងគ្រោះ​អាច​ទទួលយក​បាន​ទេ ? សម្រែក​អយុត្តិធម៌​ប្រាកដ​ជា​លាន់ឮ​ឡើង ។​

២- លំអៀង ឬ អគតិ​ព្រោះ ស្អប់ ឬ ខឹង ( ទោសាគតិ = Prejudice of hatred or enmity): ដោយហេតុ​បុគ្គល​នោះ ក្រុម​នោះ ជា​មនុស្ស ឬ​ជា​ក្រុម​គូបដិបក្ខ ឬ​មាន​និន្នាការ​ផ្សេង​ពី​ក្រុម​ខ្លួន​, ជា​មនុស្ស ឬ​ក្រុម​ដែល​ខ្លួន​មិន​ពេញចិត្ត ឬ ធ្លាប់​មាន​គំនុំ​ជាមួយ​ខ្លួន​ជាដើម ។ ពេល​បុគ្គល​នោះ ក្រុម​នោះ​មាន​បញ្ហា​ក្តីក្តាំ​ក៏​កាត់ក្តី​អោយ​ចាញ់ ឬ​បើ​មាន​កំហុស​តិចតួច ក៏ ធ្វើអោយ​មាន​ទោស​ធ្ងន់​ជាដើម ។​

៣- លំអៀង​ឬ​អគតិ​ព្រោះ​វង្វេង ឬ ល្ងង់ខ្លៅ ( មោហាគតិ​= Prejudice of delusion or stupidity): ដោយ ហេតុ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​ទទួលបាន​ភស្តុតាង និង​សាក្សី​ដែល​គេ​ក្លែង បំភ័ន្ត ព័ត៌មាន​មិន​ពិត ទើប​កាត់ក្តី​ខុស ។ ភាព​មិន​ឆ្លៀវឆ្លាស ក្នុង​កិច្ច​អង្កេត និង​ថ្លឹងថ្លែង​ហេតុការណ៍ ក៏​មិន​អាច​វិនិច្ឆ័​យក្តី​អោយបាន​សុក្រឹត ។

៤- លំអៀង ឬ អគតិ​ព្រោះ​ភ័យខ្លាច ( ភយាគតិ = Prejudice of fear): បុគ្គល ( ឬ សាច់ញាតិ បក្សពួក​របស់​បុគ្គល ) ដែល​មាន​ឋានៈ បុណ្យស័ក្ត ឬ ទ្រព្យសម្បត្តិ​ជាដើម ដឹង​ថា​បុគ្គល​ទាំងនោះ​ប្រព្រឹត្តល្មើស​ហើយ ប៉ុន្តែ​នៅតែ មិន​ហ៊ាន​ផ្តន្ទាទោស​ទៅតាម​និយាម​ច្បាប់​ដែល​បាន​កំណត់​រួចហើយ ដោយហេតុតែ​ខ្លាច​ឋានៈ បុណ្យស័ក្ត​បុគ្គល​នោះ​ជា​ដើម ។​

​បុគ្គល​ជា​អ្នក​កាន់​ច្បាប់ ឬ ចៅក្រម តុលាការ​ត្រូវ​តែ​ជៀសវាង​អោយ​ខាងតែបាន​នូវ​អគតិ​ទាំង ៤ នេះ ទើប​អាច​ធានាបាន​ថា យុត្តិធម៌ ( Justice ) នឹង​ប្រព្រឹត្តទៅ​ចំពោះ​មនុស្ស​ទូទៅ ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា គេ​អាច​លះបង់​ទ្រព្យសម្បត្តិ ដើម្បី​រក្សា​អវៈយវៈ លះបង់​អវៈយវៈ ដើម្បី​រក្សា​ជីវិត ប៉ុន្តែ​ក្នុង​ករណី​ខានមិនបាន សុខចិត្ត​លះបង់​ជីវិត ( ឬ មុខតំណែង​) ដើម្បី​រក្សា​ធម៌ ។ ធម៌ គឺ​អ្វី​ដែល​ពិត មិន​លំអៀង ឬ យុត្តិធម៌​នេះ​ឯង ។

​ចំណែក​អ្នក​ដឹកនាំ ត្រូវតែ​ប្រយ័ត្ន​អោយ​មែនទែន​កុំអោយ​ធ្លោយ​ធ្លា​ន់​ខ្លួន​ចូល​ទៅក្នុង​អគតិ​ណាមួយ​ជាដាច់ខាត ។ ជា​អ្នកដឹកនាំ​គេ ជារឿយៗ​រមែង​មាន​មនុស្ស​ប្លម អែបអប រណែបរណប ចាក់​ចេក ចាក់​ស្ករ ញុះញង់ ក្លែងបន្លំ​ការពិត ( ជាពិសេស មនុស្ស​នៅ​ក្បែរ​ខ្លួន ) ដែល​ប្រការ​ទាំងនេះ​ឯង ធ្វើអោយ​អ្នកដឹកនាំ​ក្លាយ​ជា​ជន​អគតិ ខ្វះ​យុត្តិធម៌ ខ្វះ​គុណធម៌​ដោយ​មិន​ដឹង​ខ្លួន ឬ ដោយ​ចេតនា​ក៏សឹងមាន ៕

0
comments:




















Không có nhận xét nào:

Đăng nhận xét