Thứ Sáu, 24 tháng 6, 2011

ករណិយកិច្ចនៃមាតាបិតា

ករណិយកិច្ចនៃបុព្វាចារ្យ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូមនមស្ការចំពោះ ព្រះភគវន្តមុនីអរហន្តសម្មាសម្ពុទ្ធព្រះ អង្គនោះ ព្រមទាំងព្រះធម៌និងព្រះសង្ឃរបស់ព្រះអង្គ ដោយ គោរព ។
          ព្រះមង្គលវេលាឧត្តមនេះ ពុទ្ធបរិស័ទ គួរផ្ចង់ស្មារតី ចាប់អារម្មណ៍ពិចារណា  ដុសខាត់នូវធម្មសាស្រ្ត ១ អត្ថបទស្តី អំពីករណិយកិច្ចនៃមាតាបិតាក្នុងឋានៈជា បុព្វាចារ្យ នៃកូន ទាំងឡាយ ដើម្បីចម្រើនកុសលចេតនាជាតួបុណ្យ ទុកក្នុង ខ្ខួនឲ្យបានបរិបូណ៌ គួរអភិរម្យតទៅ មុនមរណកាលជា អនិមិត្តកៈ ដែលនឹងមកដល់ពុំខាន ។
          ន័យក្នុងព្រះពុទ្ធសាសនា បញ្ជាក់ឲ្យពុទ្ធបរិស័ទចាំជាក់ ច្បាស់ថា៖ មាតាបិតាមានគុណូបការៈច្រើនជាអនេកអនន្ត ក្នុងភារៈស្រោចស្រង់សង្គ្រោះកូននៃខ្លួន ។ គុណូបការៈនោះ ប្រជុំនៅក្នុងករណិយកិច្ចនៃឋានៈ៤យ៉ាង ៖
          - ព្រហ្មា លោកជាព្រហ្មរបស់កូន ។
          - បុព្វទេវា លោកជាទេព្តាដើមដំបូងរបស់កូន  
          - បុព្វាចរិយា លោកជាគ្រូអាចារ្យដើមដំបូង របស់កូន  
          - អាហុនេយ្យា លោកជាអាហុនេយ្យបុគ្គល របស់កូន ។
          មាតាបិតា ធ្វើគុណឧបការៈដោយកាយវាចាចិត្តដើម្បី សង្គ្រោះកូននោះ តាំងពីកូនមិនទាន់មកចាប់កំណើតជាប់ តទៅក្នុងជាតិបច្ចុប្បន្ន រហូតដល់ជាតិ អនាគតជាច្រើនទៀត ដូចន័យនិទាន អំពីនាង វសុន្ទរី ទេវធីតា ជាមាតាដើមនៃ ពោធិសត្វនាមសុវណ្ណសាម, នាងយក្ខិនីជាមាតាដើម នៃ សានុសាមណេរ ជាដើម ។
          បណ្តាគុណឧបការៈទាំងឡាយ ក្នុងឋានៈ៤នោះ ពេលនេះ គួរពិចារណាចំពោះតែគុណឧបការៈ ដែលជា ករណីយក្នុងមុខងារជាបុព្វាចារ្យរបស់ខ្លួន ដូចតទៅនេះ៖
          មាតាបិតា ជាបុព្វាចារ្យ គឺជាគ្រូអាចារ្យដើមបង្អស់ របស់កូន ។ បុព្វាចារ្យនេះ ត្រូវស្រោចស្រង់សង្គ្រោះកូន តាមលំដាប់ស្ថានការ ៥ យ៉ាង៖
          ស្ថានការណ៍ទី១ថា៖ បាបា និវារេន្តិ មាតាបិតាតែង រារាំងនូវកូនឲ្យឃ្លាតចេញចាកបាប ។
          តួបាប គឺតួអកុសលចេតនា​ ប្រកបដោយអកុសល ចេតសិក១៤​មាន៖ មោហៈ វង្វេង, អហិរិកៈ មិនខ្មាស អំពើបាប, អនោត្តប្បៈ មិនខ្លាចផលនៃអំពើបាបជាដើម ។ អកុសលចេតនានេះ ដឹកនាំចិត្តឲ្យធ្វើអំពើទុច្ចរិត៣យ៉ាងគឺ ៖ អភិជ្ឈា គិតគយគន់ចង់បានទ្រព្យរបស់គេ ១, ព្យាបាទៈ គិតគុំគួនប៉ងឲ្យគេវិនាស ១, មិច្ឆាទិដ្ឋិ គិតឃើញខុសប្រកាន់ ឡើងថាជាត្រូវ ១  ។ អកុសលចេតនានោះធ្វើចិត្តឲ្យសៅហ្មង ហើយនាំឲ្យពោលវចីទុច្ចរិត ៤ យ៉ាងផង, នាំឲ្យធ្វើកាយ ទុច្ចរិត ៣ យ៉ាងផង, ណាមួយតាមគួរល្មមដឹកនាំបាន ។ វចីទុច្ចរិត ៤ យ៉ាងគឺ៖ មុសាវាទៈ ពាក្យកុហក ១, បិសុណាវាចា ពាក្យញុះញង់ ១, ផរុសវាចា ពាក្យទ្រគោះ ១, សប្ផប្បលាបៈ ពាក្យរោយរាយឥតប្រយោជន៍១ កាយទុច្ចរិត ៣ យ៉ាងនោះគឺ៖ បាណាតិបាតៈ សម្លាប់សត្វ ១, អទិន្នាទានៈ យកទ្រព្យដែលគេមិនទាន់ឲ្យ ១, កាមេសុ មិច្ឆាចារៈ ប្រព្រឹត្តខុសក្នុងកាម ទាំងឡាយ ១ ។
          ពាក្យថា អំពើបាប មានន័យស្រដៀងគ្នានិងពាក្យថា ទុច្ចរិត ប្រព្រឹត្តអាក្រក់, វិសមចរិយា ប្រព្រឹត្តមិនប្រសើរ, អករណិយៈ អំពើមិនត្រូវធ្វើ, អកុសលកម្ម អំពើមិន​ស្អាតស្អំ​ជាដើម ។ បាបមាន៣ជាន់គឺ៖ បាបថ្នាក់គ្រោតគ្រាត ឬបាបធ្ងន់ ១, បាបថ្នាក់កណ្តាល ឬបាបថ្នាក់មធ្យម ១, បាបថ្នាក់​ល្អិតសុខុម ឬបាបថ្នាក់ស្រាល ១ ។ បាបនោះ ទោះ ថ្នាក់ណាក៏ដោយ ក៏សុទ្ធតែមានផលជាទុក្ខទាំងអស់ បីដូចដុំ ភ្លើងតូចដ៏ក្តៅ, លាមកតិចក៏ស្អុយ, មុខគួរឲ្យខ្លាច, មុខគួរឲ្យ ខ្ពើមដូច្នោះឯង សមដូចពុទ្ធភាសិតថា៖ ទុក្ខោ បាបស្ស ឧច្ចយោ ការសន្សំបាបជាហេតុនាំឲ្យកើតទុក្ខ   បាបការី ច បាបកំ អ្នកធ្វើបាបតែងបានផលបាបដូច្នេះជាដើម ។
          ស្ថានការណ៍ទី ២  ថា៖ កល្យាណេ និវាសេន្តិ    មាតាបិតាតែងញ៉ាំងកូនឲ្យតាំងខ្លួននៅស៊ប់សួន ក្នុងអំពើ កល្យាណ  
          ពាក្យថា កល្យាណ គឺអំពើល្អ, អំពើដែលបណ្ឌិត តែងនិយមរាប់រក, អំពើបុណ្យកុសល ។
          តួបុណ្យគឺ៖ តួកុសលចេតនា ប្រកបដោយសោភណ​ចេតសិក ២៥ យ៉ាង មាន៖ សទ្ធា ជំនឿល្អ , សតិ ស្មារតី, ហិរិ ខ្មាសអំពើបាប, ឱត្តប្បៈ ខ្លាចផលនៃអំពើបាប, អលោភៈ មិនល្មោភ, អទោសៈ មិនប្រទុស្តជាដើម ព្រោះជា​គ្រឿងត្រងសម្អាតទឹកចិត្ត, ជាគ្រឿងច្រូតកាត់គាស់រំលើង​ស្បូវភ្លាំងគឺកិលេសចេញចាកខន្ធលោភ ។
          កិច្ចនាំឲ្យកើតកុសលចេតនានោះឡើងក្នុងខ្លួន ​​ហៅថា
បុញ្ញកិរិយាវត្ថុមាន ១០ យ៉ាងគឺ៖  ទានៈ ធ្វើអាមិសទាននិង ធម្មទាន ១, សីលៈ រក្សាសិក្ខាបទទាំងឡាយ ១, ភាវនា ចម្រើនសមថវិបស្សនាកម្មដ្ឋាន ១, អបចាយនៈ គោរព ប្រណិប័តន៍វុឌ្ឍបុគ្គល ១, វេយ្យាវច្ចៈ ជួយទំនុកបំរុងកិច្ច បុណ្យនៃជនដទៃ ១, ធម្មទេសនា សំដែងធម៌ ១, ធម្មស្សវនៈ ស្តាប់ធម៌ ១, បត្តិទានៈ ចែកបុណ្យនៃខ្លួនជូន ជនដទៃ ១, បត្តានុមោទនា អបអរសាទរទទួលបុណ្យដែល គេឲ្យ ១, ទិដ្ឋុជុកម្ម ធ្វើយោបល់ឲ្យយល់ឃើញឲ្យត្រង់ ត្រឹមត្រូវតាមធម៌ពិត១ ។ អំពើ ១០ យ៉ាងនេះហៅថា កល្យាណកម្ម អំពើល្អ អនវជ្ជនកម្ម អំពើគ្មានទោស កុសលកម្ម អំពើស្អាតស្អំ ករណិយកិច្ច អំពើត្រូវធ្វើ ជាដើម សមដូចពុទ្ធភាសិតថា៖ អជ្ជេវ កិច្ចមាតប្បំ កោ ជញ្ញា មរណំ សុវេ គេត្រូវព្យាយាមក្លៀវក្លាចំពោះកិច្ច កុសលក្នុងថ្ងៃហ្នឹងឯងឲ្យបានការ, ព្រោះថានរណាដឹងនូវ មរណៈនៃខ្លួនក្នុងកាលស្អែកបាន ? ដូច្នេះជាដើម ។
          សង្គហធម៌ទី១ និងទី២នេះ រួមឲ្យខ្លីគឺការអប់រំ ចិត្តសាស្ត្រ ឬថាធម្មសាស្ត្រ, កិច្ចសង្គ្រោះនេះ ចាំបាច់បំផុត ដែលមាតាបិតាត្រូវធ្វើ ដោយបច្ចេកទេសខ្ពង់ខ្ពស់ តាំងពីកូន ទើបចេះមើលរូប, ស្តាប់សម្លេងជាដើម ជាប់តទៅជាដរាប ទល់គ្នានិងមរណកាលរៀងខ្លួន ។ មនុស្សយើងកើតឡើងមក អំពីមូលអវិជ្ជាតណ្ហា តែងចេះធ្វើបាបទាំងពួងដោយខ្លួនឯង, តែងតែមិនដឹងមិនចង់ធ្វើអំពើបុណ្យដោយខ្លួនឯងឡើយ បី ដូចស្មៅសម្រាមតែងកើតកើនឯង ឆ្ការចោលស្ទើមិន ឈ្នះ ឯដំណាំ គេដាំដោយបច្ចេកទេសខ្ពង់ខ្ពស់នៅតែមិនព្រមកើត កើនល្អឡើយ, ព្រោះហេតុនោះ មាតាបិតាត្រូវចាប់ផ្តើមការ រារាំងកូនចាកបាប ហើយដឹកនាំឲ្យធ្វើបុណ្យវិញ ដោយ សង្គហភាពខ្ពង់ខ្ពស់ ។
          ក្នុងជីវលោកនេះ ជីវិតមិនទៀង, ជម្ងឺមិនទៀង, មរណកាលមិនទៀង, ទីដាក់ចុះនូវសាកសពមិនទៀង, គតិក៏ មិនទៀង, ព្រោះហេតុនោះ ត្រូវឆាប់ស្រោចស្រង់កូនឲ្យផុត ចាកបាប ហើយដាក់ដល់បុណ្យកុសលជាបន្ទាន់ តាំងពីទើប ដឹងក្តីឡើងទៅ, បើដល់ពេលស្លាប់ត្រឹមណា កូននោះបានរួច ទោសពៃរ៍ផង ដោយសារការសង្គ្រោះដ៏ឧត្តមនៃមាតាបិតាជា បុព្វាចារ្យខ្ពង់ខ្ពស់ ។
          ស្ថានការណ៍ទី៣ថា៖ សិប្បំ សិក្ខាបេន្តិ មាតាបិតា តែងញ៉ាំងកូនឲ្យរៀន សិល្បៈ
          សិល្បៈ ជាភាសាសំស្ក្រឹត, សិប្បៈ ជាភាសាបាលី, ប្រែជាភាសាខ្មែរយើងថា៖ សេចក្តីឆ្លៀវឆ្លាសក្នុងហត្ថកម្ម, ការ ឈ្លាសវៃប៉ុនប៉ៅ, ប្រសប់, ស្ទាត់ជំនាញក្នុងកិច្ចការដែលត្រូវ ធ្វើដោយដៃ, ជំនាញការដ៏ថ្នឹក, ហត្ថកម្មជំនាញ​ជាដើម ។
          បទវិគ្រោះក្នុងបាលីថា៖
          សិក្ខិតព្វន្តិ សិប្បំ វិជ្ជាកម្មដែលជនត្រូវសិក្សាហៅថា សិប្បៈ
          អត្តនោ ហិតមាសឹសន្តេហិ សិវិយតេតិ សិប្បំ វិជ្ជាកម្មណា ដែលជនប៉ុនប៉ងនូវប្រយោជន៍ខ្លួនត្រូវសេពគប់ វិជ្ជាកម្មនោះឈ្មោះថា សិប្បៈ
          សិប្បៈក្នុងលោកមាន ២ យ៉ាងគឺ៖ សិប្បៈរបស់ពួក បព្វជិត ១, របស់ពួកគ្រហស្ថ ១ ។ លក្ខណៈនៃសិប្បៈមាន ៣ យ៉ាងគឺ៖
-អភិធេយ្យសិប្បៈ សិប្បៈដោយឈ្មោះ ។
២-ហេតុសិប្បៈ សិប្បៈកើតអំពីហេតុ ។
៣-ផលសិប្បៈ សិប្បៈកើតអំពីផល ។
          ក្នុងគម្ពីរអដ្ឋកថាឧទាន ខុទ្ទកនិកាយ ត្រង់នន្ទវគ្គ មាន ន័យឲ្យដឹងថា សិប្បៈធំៗ មាន១២យ៉ាងគឺ៖
១-ហត្ថិសិប្បៈ សិល្បៈក្នុងការបង្ហាត់ដំរី ។
២-អស្សសិប្បៈ សិល្បៈក្នុងការបង្ហាត់សេះ ។
៣-រថសិប្បៈ សិល្បៈក្នុងការធ្វើរទេះ, បររទេះ ។
៤-ធនុសិប្បៈ សិល្បៈក្នុងការបាញ់ធ្នូ ។
៥-ថរុសិប្បៈ សិល្បៈក្នុងការធ្វើអាវុធមានដាវជាដើម ។
៦-មុទ្ធាសិប្បៈ សិល្បៈក្នុងការរាប់កាញ់គ្នេរដោយដៃ ទទេ ។
៧-គណនាសិប្បៈ សិល្បៈក្នុងការគិតតាមលេខគណិត សាស្ត្រ ។
៨-សង្ខានសិប្បៈ សិល្បៈក្នុងការពិចារណាដោយប្រាជ្ជា ក្នុងឧបទេសគឺនយោបាយ ។
៩-លេខាសិប្បៈ សិល្បៈក្នុងការសរសេររៀបចំអក្សរ សាស្ត្រ ប្រវត្តិសាស្ត្រជាដើម ។
១០-កាវេយ្យសិប្បៈ សិល្បៈក្នុងកាព្យឃ្លោង ។
១១-លោកាយតសិប្បៈ សិល្បៈក្នុងផ្លូវលោកមាន វិជ្ជាពេទ្យ, វិជ្ជាផ្សំធាតុជាដើម ។
១២-ខត្តិវិជ្ជាសិប្បៈ សិល្បៈក្នុងវិជ្ជានីតិធម្មសាស្ត្រ, យុទ្ធសាស្ត្រ ។
          គ្រូអាចារ្យក្នុងសាលាទិសាបាមោក្ខ ក្រុងតក្កសិលា សម័យបុរាណ យកសិល្បៈ១២នេះ ដាក់ក្នុងកម្មវិធីបង្រៀន និស្សិត ។
          មានសិល្បៈជាសាធារណៈ ៩ យ៉ាងទៀតគឺ៖
១-ទារុសិប្បៈ សិល្បៈក្នុងកិច្ចការគ្រឿងឈើ ។
២-សុធាសិប្បៈ សិល្បៈក្នុងកិច្ចការគ្រឿងឥតបាយអរ ។
៣-លោហធាតុសិប្បៈ សិល្បៈក្នុងកិច្ចការគ្រឿងលោហ ធាតុ ។
៤-វត្ថសិប្បៈ សិល្បៈក្នុងការធ្វើសំពត់ ។
៥-ចិត្តកម្មសិប្បៈ  សិល្បៈក្នុហការគូររូបផ្សេងៗ ។
៦-ចម្មសិប្បៈ សិល្បៈក្នុងការសម្លាប់ស្បែក ។
៧-មណិការសិប្បៈ សិល្បៈក្នុងការរកពេជ្រ, ឆ្នៃពេជ្រ ។
៨-នឡការសិប្បៈ សិល្បៈក្នុងការត្បាញផែង, កន្ទេល ។
៩-នហាបិតសិប្បៈ សិល្បៈក្នុងការកាត់កោរសក់ ។
ន័យរាប់ឈ្មោះសិល្បៈ ១ ក្រុមទៀត មាន៧យ៉ាងគឺ៖
១-រជនសិប្បៈ សិល្បៈក្នុងការជ្រលក់សំពត់ ។
២-ឆេទនសិប្បៈ សិល្បៈក្នុងការកាត់ដេរសម្លៀកបំពាក់ ។
៣-សិព្វនសិប្បៈ សិល្បៈក្នុងការដេរប៉ាក់ ។
៤-រចនសិប្បៈ សិល្បៈក្នុងការឆ្លាក់ក្បាច់ក្បូរ ។
៥-កុម្ភការសិប្បៈ សិល្បៈ ក្នុងការធ្វើក្អម, ឆ្នាំង, ភាជនៈ
៦-សុវណ្ណការសិប្បៈ សិល្បៈក្នុងការធ្វើមាស ។
៧-នាដកសិប្បៈ សិល្បៈក្នុងរបាំ ។
          ការរាប់ឈ្មោះសិល្បៈក្នុងលោកនេះ គ្មានទីកំណត់ចុង បំផុតឡើយ ព្រោះសិល្បសាស្ត្រនេះ តែងវិលទៅតាមនិយម និងកាលៈទេសៈ ។ ន័យក្នុងគម្ពីរមង្គលត្ថទីបនី អដ្ឋកថា មង្គលសូត្របញ្ជាក់សារុបថា៖ វិជ្ជាណាមួយដែលគេរៀន ហាត់ហ្វឹកហ្វឺនឲ្យប៉ិនប៉ៅស្ទាត់ជំនាញ បានបទប្លែកអស្ចារ្យ គួរឲ្យអ្នកផងកោតសរសើរ វិជ្ជានោះហៅថាសិប្បៈ ។ សូម្បី តែវិជ្ជាផ្ទាត់ដុំក្រួសក៏លោកហៅថា សាឡិតសិប្បៈ ឬថា សក្ករ សិប្បៈដែរ ។
          អភិធេយ្យសិប្បកថា ល្មមសង្ខេបសេចក្តីប៉ុណ្ណេះ ។
          ហេតុសិប្បៈ សិល្បៈកើតអំពីហេតុ គឺសិល្បៈកើត​មកអំពីមនោសញ្ចេតនា,     យោនិសោមនសិការៈ,  មនោគតិ​ ជាដើមរបស់មនុស្សគ្រប់តំណរ ឧទាហរណ៍៖ ជនម្នាក់មាន មនោសញ្ចេតនា គឺសេចក្តីរិះគិតក្នុងចិត្ត ចំណុចនៃចិត្ត កើតឡើងត្រិះរិះរកការងារ ឬវត្ថុប្រើប្រាស់អ្វីមួយ ដែលខ្លួន ពេញ​​ចិត្ត ក៏ប្រមូលមេគំនិតនោះមកធ្វើយោនិសោមនសិការៈ គឺធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញាជាប់រឿយៗ ដរាបដល់ ចុះដៃចាប់ផ្តើមធ្វើពិសោធន៍ក្នុងការនោះឯង មានមនោគតិ (ដំណើររបស់ចិត្ត, ដំណើរប្រព្រឹត្តទៅនៃចិត្ត) ចេះតែមានការ វិវឌ្ឍន៍ សើរើរាវរកនូវអព្ភូតវត្ថុ (គឺវត្ថុដែលមិនធ្លាប់មាន) នោះ រឿយៗ ​ ។
          ឥទ្ធិបាទ​៤គឹ៖ ឆន្ទៈ វីរិយៈ ចិត្ត វិមំសា កើតឡើងជា កម្លាំងឲ្យខំព្យាយាមធ្វើតៗទៅ, ជួនកាលក៏បានសម្រេចរូប រាងសិល្បៈនោះឡើងក្នុងជាតិនោះ, ជួនកាលមិនទាន់បាន សម្រេចនៅឡើយ ក៏ដល់ពេលស្លាប់ទៅ, គ្រាន់តែសល់នៅ ក្បួនតម្រាស្នាដៃដើមនោះទុកឲ្យជាន់ក្រោយ ដែលមានឆន្ទៈ និងកិច្ចនោះ ចាប់បន្តការទៅទៀតតៗគ្នា ដរាបដល់កើតជារូប សិល្បៈពេញលក្ខណៈឡើង ព្រមទាំងចងក្រងជារូបសិល្ប សាស្ត្រទុកតទៅ ន័យនេះហៅថា ហេតុសិប្បៈ (សិល្បៈកើត​មកអំពីហេតុ ។
          ផលសិប្បៈ សិល្បៈកើតមកអំពីផល តួយ៉ាងដូច​សិល្បៈខាងរចនាព្រះ ពុទ្ធរូប, ប្រាង្គ, ចេតិយ, ក្បាច់ជាដើម ជាបុរាណវត្ថុនៃជាតិយើង មានកើតជារូបសិល្បៈរួចហើយ ជាជំនាងស្នាដៃស្ទាត់ជំនាញខ្លះ ។ មិនសូវស្ទាត់ជំនាញខ្លះ ពួកសិប្បវន្តជាន់ក្រោយ យករូបសិល្បៈនោះធ្វើជាគំនិត ហើយ​វិចិត្ររចនាសម្រួល តាមសមត្ថភាពខ្លួនតទៅទៀត ដូចយ៉ាងយើងឃើញលំនាំក្បាច់នគរវត្ត មានពាសពេញរដ្ឋ កម្ពុជាយើង និងរដ្ឋដទៃៗផង ដែលយកតម្រាប់ ។
          ហេតុសិប្បៈ និង ផលសិប្បៈនេះ តែងកើតច្រើនមុខ តាមកាលៈទេសៈ ព្រោះពួកសិប្បវន្ត ចេះតែរាវរកតៗទៅមុខ តាមមូលអវិជ្ជាតណ្ហានៃខ្លួន ដូចយ៉ាងពួកសិប្បវន្តកំពុង ប្រណាំងប្រជែងគ្នារាវរកវិធីធ្វើយន្តទៅកាន់ឋានព្រះច័ន្ទ, ធ្វើ អាវុធបរមាណូ, ធ្វើសម្ភារៈប្រើប្រាស់តាមកម្លាំងតណ្ហា ដែល​លូតលឿនក្រៃលែងសព្វថ្ងៃនេះតទៅមុខ ។
          សិល្បៈនាំឲ្យមនុស្សប្រកបរបរចិញ្ចឹមជីវិតបានងាយ ។ មនុស្សម្នាក់ៗត្រូវរៀនឲ្យចេះសិល្បៈឲ្យបានច្រើនមុខ ដើម្បី​ប្រកបការងារចិញ្ចឹមជីវិតតាមកាលៈទេសៈ ។ សិល្បៈនេះ ជា​អង្គសមនិធិ គឺកំណប់ទ្រព្យជាប់តាមអវយវៈ ជារបស់អាច ផ្តល់​ផលជាបច្ច័យ ៤ សម្រាប់បរិភោគប្រើប្រាស់ក្នុងមួយ ជីវិតនេះឯង ។ មនុស្សគ្មានសិល្បៈក្នុងខ្លួន មិនងាយចិញ្ចឹម ជីវិតបានស្រួលឡើយ ។ ពុទ្ធបរិស័ទម្នាក់ៗត្រូវតែមានសិល្បៈ ល្អៗច្រើនប្រការក្នុងកណ្តាប់ដៃ ព្រោះសិល្បៈនេះ ព្រះ សាស្តានៃយើងរាប់ចូលជាមង្គលឧត្តមមួយដែរ ក្នុងចំណោម មង្គលឧត្តម ៣៨ ប្រការ តាមន័យមង្គលសូត្រ ។
          ន័យជ្រៅជ្រះពិសេស អ្នកមានសិល្បៈក្តី អ្នកកំពុង ព្យាយាមរៀនសិល្បៈក្តី ត្រូវចាំជាក់ថា «សិល្បៈនៅក្នុងដៃអ្នក មានធម៌ ទើបឲ្យផលជាអត្ថប្រយោជន៍ខ្ពង់ខ្ពស់, ផ្ទុយទៅវិញ សិល្បៈនៅក្នុងដៃអ្នកគ្មានធម៌ឲ្យផលជាទុក្ខ ទោសពៃរ៍ គួរ​​ ស្ញើបស្ញែងទៅវិញ» ដូចន័យក្នុងនិទានតទៅនេះថា៖​
អតីតេ កិរ ពារាណសិយំ សាលិតកសិប្បេ និប្ផត្តឹ បត្តោ ឯកោ បីឋសប្បិ អហោសិ ។
          សេចក្តីដំណាលថា៖ នៅក្នុងក្រុងពារាណសី មាន បុរសខ្វិនម្នាក់ ចេះសិល្បៈផ្ទាត់គ្រាប់ក្រួស អាចផ្ទាត់ទម្លុះស្លឹក ឈើធ្វើជារូបដំរី, សេះជាដើមបាន ប៉ងត្រង់ណាត្រូវត្រង់នោះ ឥតឃ្លៀងឡើយ ។ ដោយសារសិល្បៈមួយនេះ បុរសខ្វិន នោះ អាចចិញ្ចឹមជីវិតបានស្រួល ពេលមួយ បានទទួលធានា ផ្ទាត់អាចពពែចូលមាត់បុរោហិតម្នាក់ តាមបំណងស្តេច ពារាណសី ដែលចង់ផ្ចាញ់ផ្ចាលបុរោហិតនោះ ឲ្យឈប់ និយាយចចេស ។ បុរសខ្វិននោះ កាលធ្វើការបានសម្រេច ហើយ​  បានទទួលព្រះរាជទានទ្រព្យគ្រប់មុខ ចំនួនមួយមុខ មានប្រាំបីៗ ព្រមទាំងស្រុកសួយ ៤ ផង ។
          ពេលក្រោយមក មានបុរសម្នាក់សុំរៀនសីល្បៈនោះ តទៅទៀត បុរសជាសិស្សនោះ បានរៀនចេះស្ទាត់ហើយ ចង់ល្បងសិល្បៈនៃខ្លួន បានឃើញព្រះបច្ចេកពុទ្ធមួយព្រះ អង្គព្រះនាម «សុនេត្ត» និមន្តទៀបទ្វារនគរដើម្បីបិណ្ឌបាត ក៏ផ្ទាត់គ្រាប់ក្រួសតម្រង់ព្រះកាណ៌ (ត្រចៀក) ពីស្តាំធ្លាយទៅ ឆ្វេង ។ ព្រះបច្ចេកពុទ្ធ ត្រឡប់តាមអាកាសទៅបរិនិព្វានឯ បណ្ណសាលាវិញ ។ ពួកឧបាសកឃើញព្រះបច្ចេកពុទ្ធ ជាទីគោរពរបស់ខ្លួនបរិនិព្វានដូច្នោះ ក៏ទៅចោមរោមយំទួញ សោកខ្សឹកខ្សួល ។ បុរសដែលផ្ទាត់គ្រាប់ក្រួសនោះ បាន ឃើញដូច្នោះ ក៏ពោលអួតខ្លួនថា «ស្រមណ៍នេះ ខ្ញុំប្រហារ ល្បងសិល្បសាស្រ្តរបស់ខ្ញុំទេតើ!» ពុទ្ធបរិស័ទទាំងឡាយនោះ ដឹងដូច្នោះ ក៏ចាប់វាយមួយដៃមួយជើងម្នាក់ទាល់តែស្លាប់ក្នុង ទីនោះឯង ។ មានន័យបញ្ជាក់ឲ្យដឹងថា៖ បុរសនោះដាច់ជីវិត បែកធ្លាយរាងកាយហើយ ខន្ធសន្តាន ច្យុតទៅកើតក្នុងអវីចិ មហានរក​ ឆេះដរាបដល់ប្រឹថពីនេះ ដុះឡើងបានមួយ យោជន៍ ទើបរួចពីនរកនោះ មកកើតជាប្រេតឈ្មោះ «សដ្ឋីកូដប្រេត» នៅលើភ្នំគិជ្ឈកូដ ។ ប្រេតនេះ មានខ្លួន កំពស់ ៣ គាវុធ, មានញញួរដែកចំនួន ៦០.០០០ ឆេះច្រាល រន្ទាលជញ្ជ្រំពីលើអំបែងក្បាល, លុះបែកក្បាលស្លាប់ហើយ កើតឡើងជាថ្មីទៀត ស្លាប់កើតៗ តែយ៉ាងនេះច្រើនលើកក្នុង មួយថ្ងៃៗសោយផលបាបកម្មនៃខ្លួន ។
          ការអធិប្បាយ នៅមានន័យជ្រាលជ្រៅច្រើន ប៉ុន្តែល្មម សង្ខេបសេចក្តីប៉ុណ្ណេះ ។
          ស្ថានការណ៍សង្គហធម៌ទី៤ថា៖ បដិរូបេន ទារេន សំយោជេន្តិ​ មាតាបិតាតែងផ្សំគ្រួសារឲ្យកូនមានភរិយាដ៏ សមគួរ ចំណុចនេះរំលឹកដល់រឿងភរិយា ៧ ពួកគឺ៖
-វធកាភរិយា ប្រពន្ធដូចពេជ្ឈឃាតសម្លាប់ប្តី ។
-ចោរាភរិយា ប្រពន្ធដូចចោរបំផ្លាញទ្រព្យប្តី ។
៣-អយ្យាភរិយា ប្រពន្ធដូចចៅហ្វាយនាយប្តី ។
៤-មាតាភរិយា ប្រពន្ធដូចមាតារបស់ប្តី ។
៥-ភគិនិភរិយា ប្រពន្ធដូចប្អូនស្រីរបស់ប្តី ។
៦-សខីភរិយា ប្រពន្ធដូចសម្លាញ់របស់ប្តី ។
៧-ទាសីភរិយា ប្រពន្ធដូចខ្ញុំបម្រើរបស់ប្តី ។
ន័យមួយទៀត រំលឹកដល់រឿងប្រពន្ធមើលងាយប្តីព្រោះ ហេតុ៨យ៉ាង៖
១-ទលិទ្ទតា ព្រោះប្តីក្រជាងត្រកូលខ្លួន ។
២-អាតុរតា ព្រោះប្តីឈឺថ្កាត់ញឹកញយ ។
៣-ជិណ្ណកតា ព្រោះប្តីចាស់ជរាជាងខ្លួន ។
៤-សុរាសោណ្ឌតា ព្រោះប្តីជាអ្នកលេងសុរា ។
៥-មន្ទតា ព្រោះប្តីល្ងង់ជាងខ្លួន ។
៦-បមត្តតា ព្រោះប្តីប្រមាទជាងខ្លួន ។
៧-សព្វកិច្ចេសុ អវត្តនិកតា ព្រោះប្តីមិនធ្វើកិច្ចការ ។
៨-សព្វធនមនុប្បាទតា ព្រោះប្តីស្វែងរកទ្រព្យមិន   បាន ។
ន័យម្យ៉ាងទៀត រំលឹកដល់រឿងប្រពន្ធក្បត់ចិត្តប្តីព្រោះ ហេតុ៩យ៉ាងគឺ៖
១-អារាមគមនលិលា ឧស្សាហ៍ទៅលេងសួនច្បារ ។
២-ឧយ្យានគមនលិលា ឧស្សាហ៍ទៅលេងឱទ្យាន ។
៣-នទីតិត្ថគមនលិលា ឧស្សាហ៍ទៅលេងកំពង់ទឹក ស្ទឹង ។
៤-ញាតិកុលគមនលិលា         ឧស្សាហ៍ទៅរកត្រកូល
ញាតិ ។
៥-បរកុលគមនលិលា ឧស្សាហ៍ទៅលេងត្រកូល   ដទៃ ។
៦-អាភរណគមនលិលា ឧស្សាហ៍ទៅរកគ្រឿងតែង ខ្លួន ។
៧-មជ្ជបាយិនី ចូលចិត្តផឹកទឹកស្រវឹង ។
៨-ភិត្តិច្ឆិទ្ទេសុ ឱលោកិនី ចូលចិត្តរមិលមើលតាម បង្អួច ។
៩-គាមទ្វារេ ឋិតលិលា ឧស្សាហ៍ទៅលេងទៀបទ្វារ  ភូមិ ។
          ន័យមួយទៀត រំលឹកដល់ធម៌ដែលស្វាមី ភរិយាត្រូវ ចេះសង្រ្គោះគ្នាទៅវិញទៅមកដូចតទៅនេះ៖
ស្វាមីត្រូវសង្គ្រោះភរិយាតាមស្ថាន ៥ យ៉ាងគឺ៖
១-សម្មាននាយ ដោយការរាប់អានស្មោះសរចំពោះ ភរិយា ។
២-អវិមាននាយ ដោយការមិនមើលងាយភរិយា ។
៣-អនតិចរិយាយ ដោយមិនប្រព្រឹត្តក្បត់ចិត្តភរិយា ។
៤-ឥស្សរិយវោស្សគ្គេន ដោយឲ្យឥស្សរភាពដល់  ភរិយា ។
៥-អលង្ការានុប្បទានេន ដោយឲ្យគ្រឿងអលង្ការ រឿយៗ ។
ភរិយាត្រូវប្រតិបត្តិស្វាមីតាមស្ថាន ៥ យ៉ាងគឺ៖
-សុសំវិហិតកម្មន្តា ចាត់ចែងការផ្ទះឲ្យល្អថ្លៃថ្លា ។
២-សុសង្គហិតបរិជនា សង្រ្គោះញាតិសងខាងដោយ ល្អ ។
៣-សម្ភតញ្ច អនុរក្ខតិ ថែទាំទ្រព្យប្តីរកបានមកទុក ឲ្យល្អ ។
៤-អនតិចារិនី មិនប្រព្រឹត្តក្បត់ចិត្តប្តី ។
៥-ទក្ខា ច ហោតិ អនលសា សព្វកិច្ចេសុ ប៉ិនប្រសប់វាងវៃនិងមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ។
មាតាបិតាជាបុព្វាចារ្យ តែងបង្ហាត់កូនប្រុសស្រីឲ្យចេះ ចាំស្ទាត់ធម៌ប៉ុណ្ណេះជាដើមផង មុននឹងរៀបចំគ្រួសារឲ្យកូន តែងពិនិត្យហ្មត់ចត់ អំពីគុណសម្បត្តិ, ចរិយាសម្បត្តិ, កុលសម្បត្តិ, សិល្បសម្បត្តិជាដើម  ទើបចាត់ចែងការនោះ ឲ្យគួរ សមតាមគន្លងធម៌ពុទ្ធសាសនា មិនលុះតាមអវិជ្ជា តណ្ហាឡើយ ព្រោះថាការរៀបចំគ្រួសារឲ្យកូននោះ គឺជាការ ស្រោចស្រង់សង្គ្រោះកូនទាំងពីរឲ្យបានសុខ ចម្រើនជាមួយ គ្នាតទៅមុខទៀត ដោយអំណាចព្រហ្មវិហារ, ទេវធម៌និង ញាណគតិខ្ពង់ខ្ពស់នៃខ្លួន ។
          ស្ថានការណ៍សង្គហធម៌ទី៥ថា៖ សមយេ ទាយជ្ជំ និយ្យាទេន្តិ មាតាបិតា តែងផ្តល់មត៌កឲ្យកូនក្នុងសម័យ គួរផ្តល់ឲ្យ ។
          ពាក្យថា មត៌ក នេះ រំលឹកដល់និធិ ៤ ប្រការគឺ៖
១-ឋាវរនិធិ កំណប់ទ្រព្យមាំមួននៅមួយកន្លែងគឺ អសង្ហារិមវត្ថុទាំងពួងមានស្រែ, ចម្ការ, ផ្ទះជាដើម ។
២-ជង្គមនិធិ កំណប់ទ្រព្យដើរបានគឺ សង្ហារិមវត្ថុ ទាំងឡាយមានគោ, ក្របី, សេះជាដើម ។
៣-អង្គសមនិធិ កំណប់ទ្រព្យជាប់តាមអវយវៈគឹសិល្បៈ ទាំងឡាយ ។
៤-អនុគាមិកនិធិ កំណប់ទ្រព្យជាប់តាមខ្លួនគឺបុណ្យ កុសលដែលជាប់រហូតទៅលោកខាងមុខៗ រៀងដល់និព្វាន ។
          ឯពាក្យថា «សម័យគួរ» នេះសំដៅចំពោះនិច្ចសម័យ (ផ្តល់មត៌កជាប្រក្រតី គឺត្រូចិញ្ចឹមអប់រំរាល់ថ្ងៃ) និងកាល សម័យ ផ្តល់ឲ្យម្តងម្កាល មានធ្វើព្រហ្មទាន ចែកជាដើមទុន ក្នុងគ្រាឲ្យគ្រប់គ្រងគ្រួសារខ្លួនដោយខ្លួនឯងតទៅជាដើម ។
          និគមវចនៈ រួបរួមអត្ថបទនេះថា៖
មាតាបិតាមានមុខងារជាព្រហ្ម ត្រូវចេះចាំស្ទាត់ជំនាញ ក្នុងការចម្រើនព្រហ្មវិហារ ៤ គឺ៖ មេត្តា, ករុណា, មុទិតានិង ឧបេក្ខា ហើយអប់រំកូនឲ្យមានព្រហ្មវិហារនោះផង, មាន មុខងារជាបុព្វទេព្វត្រូវមានទេវធម៌៥គឺ៖ សទ្ធា, សីល, សុតៈ, ចាគៈ និង បញ្ញាបរិបូណ៌ហើយអប់រំកូនឲ្យមានទេវធម៌នោះ ផង, មានមុខងារជាបុព្វាចារ្យត្រូវចេះធម្មសាស្ត្រ, សិល្ប សាស្ត្រនិងសម្មាជីវកម្មបរិបូណ៌ ហើយអប់រំកូនឲ្យបានដូច្នោះ ផង, មានមុខងារជាអាហុនេយ្យបុគ្គលនៃកូន ត្រូវសម្រិត សម្រាំងគុណនិងឧបការៈ ឲ្យសមរម្យជាស្រែបុណ្យថ្លាថ្លៃនៃ កូនផង ។ ត្រកូលដែលបានកាន់ព្រះពុទ្ធសាសនាមធ្យ័តដូច ន័យនេះ ប្រាកដជាបានសុខសាន្តដូចជាព្រហ្ម, ទេព្តា, ជាអារ្យជនពិតប្រាកដ ។ ប្រទេសដែលមានត្រកូនកាន់ធម៌ នេះ ត្រឹមត្រូវច្រើនហើយ នឹងរុងរឿងដូចព្រហ្មលោក, ទេវលោក, អារ្យប្រទេស ក្នុងពិភពលោកនេះពុំខាន ។
ក្នុងជីវលោកនេះ អនិមិត្តកធម៌មាន ៥ យ៉ាងគឺ៖
-ជីវិតៈ ជីវិតមិនទៀងទាត់ជារស់បានប៉ុនណាទេ ។
២-ព្យាធិ ជម្ងឺតម្កាត់មិនទៀងទាត់ជាឈឺអ្វីទេ ។
៣-មរណកាលៈ ពេលស្លាប់មិនទៀងទាត់ជាស្លាប់ ពេលណាទេ ។
៤-ទេហនិក្ខបនៈ ការដាក់ចុះនូវសាកសពមិនដឹងតើ នៅទីណាទេ ។
៥-គតិ ដំណើរខន្ធត្រូវច្យុតទៅទៀតមិនដឹងតើទៅកាន់ ទុគ្គតិឬសុគតិទេ ។
អនិមិត្តកធម៌ ៥ នេះ មានប្រចាំជីវលោកជាធម្មតា ប៉ុន្តែ សត្វកើតអំពីមូលអិវជ្ជាតណ្ហា មិនបានសិក្សាព្រះពុទ្ធសាស‑ នា ឲ្យហ្មត់ចត់ក៏ប្រមាទ ព្រោះមិនឃើញធម៌៥នោះ អំពី ចម្ងាយ ខ្លះស្រវឹងក្នុងវ័យកំពុងចម្រើន,​ ខ្លះស្រវឹងក្នុងរូប រាងកាយមិនសូវមានរោគ,​ ខ្លះស្រវឹងក្នុងជីវិតសម្បូណ៌លាភ យស សរសើរសុខ, ក៏ប្រព្រឹត្តអំពើអបាយមុខ៨យ៉ាងគឺ៖
១-ឥត្ថីសោណ្ឌៈ លេងស្រី ។
២-សុរាសោណ្ឌៈ លេងស្រា ។
៣-បូវសោណ្ឌៈ លេងនំបង្អែមញៀនកាហ្វេជាដើម ។
៤-អក្ខសោណ្ឌៈ លេងល្បែងស៊ីសង ។
៥-បាបមិត្ត មានពួកម៉ាកកំបាប ។
៦-អាលស្យ ខ្ជិលច្រអូស ។
៧-រត្តិវិចរណៈ ត្រាច់ដើរលេងយប់ ។
៨-សមជ្ជវិចរណៈ ត្រាច់ទៅមើលល្បែងមហោស្រព  ជាដើម ។
បម្រើតណ្ហាទាំងងងឹតងងល់, ម៉្លោះហើយក៏ដល់នូវទុគ្គតិ ក្នុងបច្ចុប្បន្នផង បរលោកផង តាមយថាកម្ម ជាពិសេស ស្រុកទេសកើតចម្បាំងម្តងៗ គួរតែមនុស្សភ្ញាក់រលឹកសម្លឹង ឃើញអនិមិត្តកធម៌ ៥ នោះច្បាស់នឹងភ្នែក ឮប្រាកដនឹង ត្រចៀកហើយឈប់ប្រមាទ, ឈប់ប្រព្រឹត្តអបាយមុខ, ឆាប់ខំ កសាងបណ្ឌិតភាព ជាបន្ទាន់គ្រប់ៗគ្នា ធ្វើគុណឧបការៈ ខ្ពង់ខ្ពស់ទុកកេរ្តិ៍ឲ្យបានច្រើន ទុកជាទីពឹងខ្លួន មុនមរណកាល មកដល់, ទាន់មានភ័ព្វជួបខណសម្បត្តិក្នុងអទ្ធុវជីវិតនេះ ផ្ទុយ ទៅវិញ មានជនខ្លះទៅជាប្រមាទរឹតតែខ្លាំងឡើងលើសពេល ស្រុកសុខសាន្តទៅទៀត តើព្រោះហេតុអ្វី ? ន័យនេះយើង អ្នកកាន់ព្រះពុទ្ធសាសនា គួរពិចារណា ឲ្យឃើញច្បាស់ដោយ ខ្លួនឯងរៀងខ្លួនជាបន្ទាន់ ដើម្បីឆ្នៃខ្លួនឲ្យឆាប់បានទៅជា បណ្ឌិតខ្ពង់ខ្ពស់ ទាន់កាលៈទេសៈ ដែលជាតិ សាសនា សាធារណរដ្ឋយើង កំពុងត្រូវការរកពលរដ្ឋ ជាបណ្ឌិត ធម្មិកឲ្យបានច្រើនគ្នា        ជួយយកអាសាក្នុងគ្រាមានអាសន្ន
សង្គ្រាមនេះ ។ល។
          ក្នុងខ្លួនយើងម្នាក់ៗ មានបាបជាកាឡកណ្ណី មាន បុណ្យជាវត្ថុសក្តិសិទ្ធិ សមដូចពុទ្ធភាសិតជាអាទិ៍ថា៖
ន ហិ ធម្មោ អធម្មោ ច ឧភោ សមវិបាកិនោ
          អធម្មោ និរិយំ នេតិ                   ធម្មោ បាបេតិ សូគតឹ ។
ប្រែថា៖ សភាពទាំងពីរគឺធម៌១ អធម៌១ ពិតជារបស់មាន ផលវិបាកមិនស្មើគ្នាទេ អធម៌គឺបាបនាំសត្វទៅកាន់នរក, ធម៌ គឺបុណ្យញ៉ាំងជនឲ្យបានដល់នូវសុគតិ ។
          ក្នុងគ្រាជាបន្ទាន់នេះ បណ្តាធម៌គឺបុណ្យទាំងអស់ ដែលមានន័យទូលំទូលាយក្រៃលែងនោះ បើយើងឆាប់ សម្រិទ្ធសម្រាំងធម៌គឺគុណឧបការៈ មាតា​បិតាឲ្យបានត្រឹម ត្រូវឡើងជាមុន ក៏ល្មមប្រើការបណ្តោះអាសន្នបានដែរ គឺចម្រើន ព្រហ្មធម៌ ទេវធម៌ អារ្យធម៌ គុណឧបការៈឧត្តម ដូចបានសំដែងខ្លះហើយ អំពីគុណនាមនៃមាតាបិតាមាន ៤យ៉ាងនោះឯង ដោយសច្ចំ ខន្តី កតញ្ញុតា ដ៏ជ្រាវជ្រៅ ស្ថាពរតទៅ ។
ក្នុងអវសានកថា    ដោយសារបុណ្យបានសិក្សាពិចារណា
ចម្រើនធម៌ប៉ុណ្ណេះ       សូមយើងពុទ្ធបរិស័ទបានសោយផល
ព្រហ្មវិហារ, ផលទេវធម៌, ផលអារ្យធម៌ដ៏ឧត្តមនាលោក និងបរលោករៀងដល់ព្រះនិព្វាន តាមសមត្ថភាពរៀងខ្លួន កុំបីខានឡើយ ។
បទធម៌ពិចារណានេះសន្មតថាចប់ដោយសង្ខេប ។
បន្តទៅទៀតនេះ គឺធម៌សម្រាប់សូត្ររំលឹកគុណូបការៈនៃ បុព្វាចារ្យ (មាតាបិតា ឬឪពុក ម្តាយ ឬអ្នកមានគុណ)
បទបដ្ឋ្យាវដ្ដ
                   សូមនមស្ការចំពោះព្រះពុទ្ធ                                       មានញាណមុះមុតវិសុទ្ធិអស្ចារ្យ
                    ទាំងគុណព្រះធម៌ភ្លឺផុតឧបមា                                    គុណសង្ឃរក្សាកេរ្តិ៍ពុទ្ធសាសន៍ ។
                    លំដាប់ទៅនេះកូនទុកពេលខ្លះ                                   សូត្រធម៌ជ្រៅជ្រះពិចារណា
ជម្រះមន្ទិលអវិជ្ជាតណ្ហា
កសាងគ្រួសារឲ្យមានសក្តិសម ។
ដឹងគុណមាតាបិតាឧត្តម
ទាំងចេះខិតខំសាងខ្លួនត្រឹមត្រូវ
ចេះសង្គ្រោះកូនបានសុខគ្រប់ផ្លូវ
ផុតពាលអាស្រូវបាននូវបណ្ឌិត ។
១ ក្នុងមុខងារជាព្រហ្មប្រណីត     
២ អ្នកប្រសិទ្ធធម៌ជាទេព្តា
៣ ក្នុងនាទីជាបុព្វាចារ្យ     
៤ សមរម្យថាជាអាហុនេយ្យ ។
ឈ្មោះថាឆ្នៃកូនដូចព្រហ្មជាក់ស្តែង
ដូចទេពចិញ្ចែងដូចអារ្យជាតិ
ពួកអារ្យជនតែងតែខ្មីឃ្មាត
កាន់ធម៌លោកនាថនែនាំពុំងា ។
ឲ្យមានធម្មៈសិល្បៈល្អជា
រស់នៅព្រមគ្នាក្នុងធម៌ត្រចះ ។
ដំបូងបំផុតផ្តល់ធម្មសាស្ត្រ
តទៅរូតរះបង្រៀនសិល្បៈ
ពឹងធម៌ជួយលើកតម្កើងឋានៈ
ពឹងខាងសិល្បៈផ្តល់បច្ច័យបួន ។
ធម៌និងសិល្បៈត្រូវមានមាំមួន
ទើបអាចថែធួនស្ងួនក្នុងគ្រួសារ
ឲ្យរស់នៅគាប់ស្លាប់គួរជ្រះថ្លា
អវិជ្ជាតណ្ហាត្រួតត្រាពុំបាន ។
ធម៌និងសិល្បៈត្រូវមានកុំខាន
ទើបរស់ក្សេមក្សាន្តគ្មានពៀរគ្មានភ័យ
ធម៌និងសិល្បៈត្រូវមានគ្រប់វ័យ
ទើបមានជោគជ័យរៀងទៅនិព្វាន ។
សិល្បៈនៃអ្នកឥតធម្មយាន
ទុកស្មើដូចមានពស់ពិសខ្លាំងក្លា
ភោគៈនៃអ្នកប្រាសចាកសិក្ខា
ដូចពិសខ្លាំងក្លាអស្ចារ្យទៅទៀត ។
ចាំបាច់បំផុតមនុស្សយើងត្រូវឆ្លៀត
រៀនធម៌រកស្នៀតផ្ចាញ់បញ្ចមារ
ផ្ចាញ់អវិជ្ជាតណ្ហានានា
ឡើងកាន់មាគ៌ាត្រៃពិធសម្បត្តិ ។
មាតាបិតាដែលបានប្រតិបត្តិ
សង្គ្រោះមធ្យ័តនូវបុត្តធីតា
តាមគោលសង្គ្រោះទាំងប្រាំប្រការ
ទើបបាននាមថាមានគុណឧត្តម ។
មាតាបិតាមានធាតុឧត្តម
កូនកើតក៏សមតាមសមធម៌
ដោយសារសេពគប់មេបាបវរ
មង្គលកើតតខ្ពង់ខ្ពស់ឡើងទៅ ។
ត្រកូលធមិ្មកមានគុណជ្រាលជ្រៅ
សាមគ្គីនៅក្នុងរដ្ឋណាៗ
រដ្ឋនោះមានពលបណ្ឌិតថ្លៃថ្លា
មានកេរ្តិ៍ឈ្មោះថាអារ្យប្រទេស ។
ពេលនេះគួរយើងកុំប្រហែសធ្វេស
កុំឲ្យបរទេសមើលងាយជាតិយើង
គួរឆាប់ខំសាងបណ្ឌិតខ្ពស់ឡើង
ដើម្បីតម្កើងជាតិសាស្ត្រអាត្មា ។
បរទេសដឹងថាខ្មែរកាន់សាសនា
នៃព្រះសាស្តានាមព្រះគោតម
បើដឹងថាយើងប្រព្រឹត្តឥតសម
អប្បយសធ្លាក់ចំជាតិសាស្ត្រទាំងមូល។
ហេតុនេះមុនស្លាប់គួរឆាប់ប្រមូល
យោបល់ឲ្យចូលមូលក្នុងផ្លូវធម៌
ទូន្មានអាត្មាគ្រួសារឲ្យល្អ
ធ្វើការស្រុះស្រតាមធម៌ចមភព ។
ព្រះពុទ្ធរុងរឿងទាំងថ្ងៃទាំងយប់
ជាទីគោរពនៃមនុស្សទេព្តា
ដោយសារទ្រង់មានតេជៈអស្ចារ្យ
ទាំងប្រាំប្រការស្ថាពរបវរ ។
គឺសិល,គុណ,បុណ្យ,បញ្ញានិងធម៌
ជាតេជៈល្អស្រុះស្រធានា
ខ្ញុំសូមគោរពគុណព្រះភគវា
សូមមានតេជានុភាពតាមផង ។
ឱវាទព្រះពុទ្ធសក្តិសិទ្ធឥតហ្មង
ច្រើនក្រៃកន្លងដូចន័យមួយថា
ចូរអ្នកឆាប់ខំព្យាយាមធ្វើការ
សាងអង្គអាត្មាជាបណ្ឌិតចុះ ។
ដោយសារកុសលខ្ញុំបានបណ្តុះ
គំនិតភ្លឺឆ្លុះតាមធម៌ប៉ុណ្ណេះ
សូមបានសម្រេចបណ្ឌិ្តត្យវិសេស
ទាំងជួបអ្នកចេះពិតជាបណ្ឌិត ។
កុំបីជួបពាលបណ្តាលទ្រូស្តមិត្ត
នាំអាទិ៍ប្រព្រឹត្តទុច្ចរិតសោះឡើយ
តាំងពីលោកនេះរៀងទៅត្រាណត្រើយ
សូមបានសះស្បើយទោសពៃរ៍ទាំងអស់ ។
ខ្ញុំសូមឧទ្ទិសកុសលល្អស្រស់
ជូនលោកសប្បុរសជាញាតិគ្រប់ឋាន
រាប់ពីមាតាបិតាកល្យាណ
ទៅគ្រប់សន្តានញាតិរួមជាតិសាសន៍ ។
សូមបានសម្រេចបណ្ឌិត្យជ្រៅជ្រះ
ចម្រើនតេជៈពីជាតិនេះទៅ
ឆ្លងផុតចាកពាលអបាយជ្រោះជ្រៅ
បានសុខតទៅសួគ៌និព្វានហោង ។
ចប់
                                                

Không có nhận xét nào:

Đăng nhận xét